-->

​ ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.morodorkangkor-newstv.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ /អាស័យដ្ឋានទំនាក់ទំនង/ទីស្នាក់ការកណ្តាល /ចាងហ្វាងការផ្សាយ៖ លោក ទ្រីវឿន អាស័យដ្ឋានផ្ទះលេខ 182 ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ៕ទូរសព្ទលេខ 098462339 / 092462339...>

​ ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ ព័ត៌មាន មរតក អង្គរ ញូវ ធីវី មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ /អាស័យដ្ឋានទំនាក់ទំនង/ទីស្នាក់ការកណ្តាល /ចាងហ្វាងការផ្សាយ៖ លោក ទ្រីវឿន អាស័យដ្ឋានផ្ទះលេខ 182 ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ៕ទូរសព្ទលេខ 098462339 / 092462339...>

លោកជំទាវ ឱ វណ្ណឌីន ៖ សូមបងប្អូនធ្វើតេស្តរហ័សភ្លាម ក្នុងករណីសង្ស័យ បន្ទាប់ពីបានដើរកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ចំនួនអ្នកទស្សនា: Views


 ភ្នំពេញ: ល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន តាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះ បានអំពាវនាវដល់បុគ្គល និងក្នុងក្រុមគ្រួសារនីមួយៗ​ ដែលមានការសង្ស័យ​ថាឆ្លងវីរុសកូវីដ-១៩ សូមធ្វើតេស្តរហ័ស​ភ្លាម ឬទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះឱ្យបានឆាប់។

លោកជំទាវ បានបញ្ជាក់បន្ថែមថា មានការព្រួយបារម្ភពីការឆ្លងកូវីដ-១៩​ ឬមិនព្រួយបារម្ភ​ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលយើងគួរពិនិត្យមើលតាមស្ថានភាពនៃការសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋយើង​ ហើយក៏ជាការទទួលខុសត្រូវ​ និងការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារផងដែរ ក្នុងការអនុវត្តការការពារការចម្លងកូវីដ-១៩ ហើយយើងក៏មិនទាន់អាចវាយតម្លៃស្ថានភាពនៃការឆ្លងបាននៅឡើយទេ​ ព្រោះទើបតែបញ្ចប់ពិធីអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើង​ ដែល​ត្រូវរង់ចាំ​ និងបន្តពិនិត្យមើលក្រែងមានស្ថានភាពនៃការផ្ទុះការឈឺណាមួយ​ នៅតំបន់ណាមួយ​ រហូតដល់ដំណាច់ខែមេសានេះ។

ជាមួយគ្នានេះ ការទទួលខុសត្រូវ​របស់បុគ្គល និងសហគមន៍​នាពេលនេះ​ ជាការកំណត់នូវស្ថានភាពឆ្លងនៃជំងឺកូវីដ-១៩​ ក្នុងក្រុមគ្រួសារនីមួយៗ​ ហើយប្រសិនបើលោកអ្នកមានការសង្ស័យ​ សូមធ្វើតេស្តរហ័ស​ ឫទៅពិនិត្យសុខភាព ហើយបើលទ្ធផលបង្ហាញ​ វិជ្ជមានកូវីដ-១៩​ និងបើក្នុងលក្ខណ:ស្រាល សូមនៅដោយឡែក​ ការពារកុំឱ្យឆ្លងទៅក្រុមគ្រួសារ​ និងអ្នកដទៃ​ ហើយថែទាំព្យាបាលខ្លួននៅផ្ទះឱ្យបានល្អហ្មត់ចត់​ តាមការណែនាំរបស់ក្រសួងសុខាភិបាលនាពេលកន្លងមក​។ ដោយឡែក បើសិនមានរោគសញ្ញាសង្ស័យថាធ្ងន់ធ្ងរ​ សូមប្រញាប់ទៅស្វែងរកការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ​ កុំសង្ងំនៅផ្ទះ​ដែលអាចនាំឱ្យស្លាប់បាត់បង់ជីវិតបាន។

បន្ថែមពីលើនេះ លោកជំទាវ ក៏បានអំពាវនាវដល់គ្រប់បុគ្គល សូមរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន​ ឫក្រុមគ្រូពេទ្យដែលនៅតំបន់បុគ្គលរស់នៅ​ ដើម្បីជួយអន្តរាគមន៍​បានទាន់ពេលវេលា និងសូមនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩​ ទាំងដូសមូលដ្ឋាន​ និងដូសជំរុញ​ (ទី៣​ និងទី៤)​ ឱ្យបានគ្រប់ៗគ្នា​ ដើម្បីរក្សាបាននូវភាពស៊ាំរបស់បុគ្គល​ និងភាពស៊ាំរបស់សហគមន៍​ សម្រាប់រក្សានិរន្តរភាពនៃការរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មីបានយូរអង្វែងតទៅទៀត ខណៈដែលក្រុមគ្រូពេទ្យនៅបន្តចាក់ជារៀងរាល់ថ្ងៃជាពិសេសនៅតាមគោលដៅធំៗ​ ដូចជា មន្ទីរពេទ្យ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក រោងចក្រ​ សហគ្រាស​ ទីផ្សារ​ និងសាលារៀន​ ជាដើម៕

លោក សាយ សំអាល់៖ កងទ័ពគឺជាឆ្អឹងខ្នងរបស់កម្ពុជា

ចំនួនអ្នកទស្សនា: Views

 ព្រះសីហនុ៖«កងទ័ព គឺជាឆ្អឹងខ្នងរបស់កម្ពុជាយូរអង្វែងទៅមុខទៀត យើងមិនអាចធ្វេសប្រហែសបានទេ ហើយយើងក៏មិនមានជម្រើសក្រៅពីធ្វើយ៉ាងណារក្សាបាននូវឧត្តមប្រយោជន៍ជាតិរបស់យើង»។ នេះជាការថ្លែងពីសំណាក់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ដល់នាយនាវី នាយនាវីរង និងពលនាវិក មូលដ្ឋានសមុទ្ររាម។

ថ្លែងនារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ លោក សាយ សំអាល់ បានឱ្យដឹងថា “ពិតណាស់យើងអាចមានជំនឿសាសនាខុសគ្នា មានទស្សនៈខុសគ្នា ទស្សនៈនយោបាយខុសគ្នា ប៉ុន្តែអ្វីដែលសំខាន់ គឺតួនាទីភារកិច្ចរបស់យើងជាកងទ័ព យើងត្រូវធ្វើអ្វី? នេះជារឿងសំខាន់។ កងទ័ពរបស់កម្ពុជា ជាកូន ជាចៅ របស់ប្រជាជន ហើយមានតែកងទ័ពទេ គឺជាឆ្មាំចាំយាមអាយុជីវិតជាតិរបស់យើង។ ក្នុងគោលការណ៍មន្ត្រីរាជការស៊ីវិល ក៏ដូចជាកងទ័ព គឺដូចគ្នា។ យើងធ្វើការដើម្បីបម្រើឧត្តមប្រយោជន៍ប្រទេសរបស់យើង ប្រជាជនយើង ហើយធ្វើការជាមួយគណបក្សណាដែលជាប់ឆ្នោត”។

លោក សាយ សំអាល់ បានរម្លឹកថា បើយើងងាកត្រឡប់ទៅប្រវត្តិសាស្ត្ររបស់ខ្មែរ៥០០ឆ្នាំមុន យើងមិនដែលមានពេលណាដែលមានរដ្ឋាភិបាលតែមួយ រដ្ឋធម្មនុញ្ញតែមួយ ហើយក៏មិនដែលបានឯកភាពទឹកដីដូចពេលនេះដែរ។ យើងមានរដ្ឋាភិបាលតែមួយ មានសុខសន្តិភាព ស្ថេរភាពនេះ ក៏ដោយសារនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលធ្វើឱ្យយើងមានឱកាសកសាងអភិវឌ្ឍប្រទេសរបស់យើង។ ជាមួយគ្នានេះដែរ បងប្អូនយុទ្ធជនរបស់យើង ក៏បានពលីជាច្រើនផងដែរ ក្នុងដំណើរស្វែងរកសន្តិភាពនៅកម្ពុជា។

ជាមួយគ្នានេះលោក រដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កម្ពុជាយើងជាប្រទេសមួយដែលធ្លាប់ងើបពីសង្គ្រាម ពីគំនរឆ្អឹង និងថ្លុកឈាម ហេតុនេះ បើយើងរក្សាបាននូវសន្តិភាព និងស្ថេរភាពនយោបាយដែលកំពុងមានបច្ចុប្បន្ននេះ នោះអនាគតរបស់យើងនឹងកាន់តែល្អប្រសើរ។

គួរបញ្ជាក់ថា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងជូនពរឆ្នាំថ្មី លោក សាយ សំអាល់ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងពីរ ប្រគល់ជូនដល់អង្គភាព និងនាយនាវី នាយនាវីរង ពលនាវិក ដែលមកចូលរួមជាងមួយពាន់នាក់ផងដែរ៕សរន

             

ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំពិនិត្យសម្រេចដោះស្រាយបញ្ហាប្រឈម សំណូមពរ និងទិសដៅសកម្មភាពការងារ

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ: ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២  ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដោយផ្តោតជាសំខាន់លើការប្រកាសសុពលភាពមន្ត្រីរាជការទើបតែងតាំង និងការផ្ទេរភារកិច្ចថ្មី វឌ្ឍនភាពការងារសំខាន់ៗ ទាក់ទងនឹងការអនុវត្តគម្រោង ហេដ្ឋារចនាសម្ព័ន្ធរបស់ក្រសួង ការពិនិត្យសម្រេចដោះស្រាយបញ្ហាប្រឈម សំណូមពរ និងទិសដៅសកម្មភាពការងារបន្ត ដែលលើកឡើងដោយ អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង កាលពីថ្ងៃ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី០៦ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួង។

នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងការអបអរសាទរ ជំរុញលើកទឹកចិត្តដល់មន្ត្រីដែលទើបបានតែងតាំងថ្មីទាំងអស់ ឱ្យខិតខំប្រឹងប្រែងធ្វើការងារឱ្យកាន់តែសកម្ម និងប្រកបដោយភាពទទួលខុសត្រូវ នៅតាមមុខតំណែងរបស់ខ្លួន ដើម្បីជាផលប្រយោជន៍ដល់ក្រសួង និង ប្រទេសជាតិ ។ ឯកឧត្តមក៏បានលើកឡើងផងដែរ អំពីគម្រោងសម្ពោធបើកឱ្យដំណើរការជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈថ្មី ជាមណ្ឌលទី៦ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីបង្ខិតសេវាឱ្យទៅកៀកនឹងប្រជាពលរដ្ឋ ព្រមទាំងអាចគ្រប់គ្រង តាមដានពង្រឹងប្រសិទ្ធភាព និងតម្លាភាព នៃការផ្តល់សេវាឱ្យកាន់តែមានភាពប្រសើរឡើង។ ជាមួយគ្នានេះក្រសួងក៏នឹងរៀបចំសង្ក្រាន្តឆ្នាំថ្មី ដែលរៀបចំឡើងដោយវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន (TSI) ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើង អំពីគម្រោងអប់រំ បណ្តុះ បណ្តាលធនធានមនុស្ស នៅតាមបណ្តាមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត តាមស្មារតីនៃសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ ដែលបានដាក់ចេញកន្លងទៅ និងបានសម្តែងមោទកភាព ដែលក្រសួងសាធារណការ និងដឹកជញ្ជូន មានវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដ៏ធំមួយ ដើម្បីប្រើប្រាស់ក្នុងការបណ្ដុះបណ្ដាលមន្ត្រី ក៏ដូចជាសិស្ស-និស្សិតពីក្រៅផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះវិទ្យាស្ថាន ដែលបានខិតខំប្រឹងប្រែង បង្កើតទំនាក់ទំនងល្អជាមួយនឹងឯកជនជាដៃគូ ដើម្បីជួយវិទ្យាស្ថាន តាមរយៈការចុះអនុស្សរណៈយោគយល់ ជាមួយសាកលវិទ្យាល័យក្នុង និងក្រៅប្រទេស និងស្ថាប័នផ្សេងៗទៀត ដើម្បីពង្រឹងគុណភាពអប់រំរបស់វិទ្យាស្ថាន ឱ្យកាន់តែមានការរីកចម្រើនថែមទៀត ។ ឯកឧត្តមបានកោតសរសើរចំពោះវិទ្យាស្ថាន ដែលបានធ្វើការងារបណ្ដុះបណ្ដាល មិនត្រឹមតែនិស្សិតពីខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបណ្ដុះបណ្ដាលដល់មន្ត្រីជំនាញបច្ចេកទេស របស់ក្រសួងផងដែរ។

ជាពិសេស ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំឱ្យគ្រប់អគ្គនាយកដ្ឋានទាំងអស់ ពិនិ ត្យឡើងវិញ និងរៀបចំរបៀបរបបធ្វើការ (Process Mapping) ក្នុងអង្គភាពរបស់ខ្លួនឱ្យបានចប់នៅខែឧសភា ឆ្នាំ២០២២ ដើម្បីកាត់បន្ថយដំណើរការនីតិវិធីការងារ ចំណេញពេលវេលា កាត់បន្ថយចំណាយ និងការរាំងស្ទះនានា និងធ្វើបទបង្ហាញជូនថ្នាក់ដឹកនាំក្រសួង ដើម្បីធ្វើឱ្យប្រសើរឡើងរបៀបរបបធ្វើការ និងឈានទៅសម្រេចគោលដៅ នៃការសាងសង់ ជួសជុល ថែទាំផ្លូវឱ្យគុណភាពល្អជាងមុន៕ ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន) សម្រួលផ្សាយដោយ៖ dara



ពិធីបើកពិព័រណ៌វប្បធម៌ ទេសចរណ៍ និងកីឡា ត្រូវបានបើកជាផ្លូវការនៅពហុកីឡដ្ឋានជាតិមរតកតេជោ

ចំនួនអ្នកទស្សនា: Views

 




(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើញជួញដូរមនុស្ស ឆ្នាំ២០២១ និងទិសដៅការងារបន្ដឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)។
 យោងតាមរបាយការណ៍របស់លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គ.ជ.ប.ជ បានឲ្យដឹងថា ក្នុងឆ្នាំ២០២១កន្លងទៅនេះ សមត្ថកិច្ចបានបង្ក្រាបករណីជួញដូរមនុស្ស ចំនួន២៣៥ករណី ក្នុងនោះបានបញ្ជូនទៅតុលាការ ចំនួន៤០០នាក់ (ស្រី៣៩នាក់) សរុបជនរងគ្រោះដែលសង្គ្រោះបានចំនួន១,៣៩០នាក់ (ស្រី៥៩៥នាក់)។ ដោយឡែក ករណីអំពើធ្វើអាជីវកម្មផ្លូវភេទ បង្ក្រាបបានចំនួន១២៤ករណី (៨៦ករណីជាករណីរួមភេទជាមួយអនីតិជន) ក្នុងនោះបានបញ្ជូនទៅតុលាការ ចំនួន១៣៨នាក់ (ស្រី១៣នាក់) សរុបជនរងគ្រោះដែលសង្គ្រោះបាន ចំនួន១៨៧នាក់ (ស្រី១៧៤នាក់)។

 លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ព្រមជាមួយនឹងការរក្សាបាននូវសន្តិភាព សុវត្ថិភាព និងគ្រប់គ្រងបានយ៉ាងល្អនូវអត្រាឆ្លងនៃជំងឺកូវីដ១៩ ដែលធ្វើឲ្យស្ថានភាពសេដ្ឋកិច្ច និងសង្គមវិលរកប្រក្រតីភាពឡើងវិញ ធ្វើឲ្យក្រុមជនល្មើស ដែលមានបណ្តាញនៅតាមបណ្តាប្រទេស បានប្តូរទិសដៅមកប្រើប្រាស់កម្ពុជា ជាគោលដៅក្នុងការបោកបញ្ឆោតទាក់ទាញប្រជាពលរដ្ឋតាមបណ្តាប្រទេស ដើម្បីនាំមកកេងប្រវ័ញ្ច និងជួញដូរនៅកម្ពុជាទៅវិញ។

 លោកស្រីបានអះអាងថា នេះជាសញ្ញានៃទម្រង់ថ្មីមួយ នៃអំពើជួញដូរមនុស្ស ដែលកម្ពុជាបាននិងកំពុងសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច នៃប្រទេសពាក់ព័ន្ធ ដើម្បីធ្វើការបង្ក្រាប សង្គ្រោះ និងផ្តន្ទាទោសជនល្មើស និងផ្តល់កិច្ចការពារ និងធ្វើសមាហរណកម្មជនរងគ្រោះជាបន្តបន្ទាប់។ 

 កម្ពុជានៅតែបន្តប្តេជ្ញាចិត្តខ្ពស់ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងចាត់ទុកថាជាអាទិភាពមួយ ដែលត្រូវយកចិត្តទុកដាក់ ទាំងការការពារទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ការទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ និងស្ថេរភាពសេដ្ឋកិច្ចជាតិ និងការប្រយុទ្ធប្រឆាំង បទល្មើស ជាពិសេសឧក្រឹដ្ឋកម្មឆ្លងដែនគ្រប់រូបភាព ដែលរួមទាំងអំពើជួញដូរមនុស្សផងដែរ។ 

 ជាក់ស្ដែង ក្នុងឆ្នាំ២០២១កន្លងទៅ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានធ្វើការអប់រំ ផ្សព្វផ្សាយផ្ទាល់ សរុបចំនួន ១២៨,១១៧លើក មានអ្នកចូលរួមសរុបចំនួន ៦,៦៣៣,០១៧នាក់ ក្នុងនោះមានស្ត្រីចំនួន៣,៤៨៤,០១៦នាក់៕

ឯកឧត្តម ងួន រតនៈ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងប្រកាសតំបន់វិនិច្ឆ័យ ក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក និងឃុំប្រឡាយ ឃុំទ្រា ក្នុងស្រុកស្ទោង

ចំនួនអ្នកទស្សនា: Views


 កំពង់ធំ :ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម លោកជំទាវ លោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត អភិបាលក្រុង ស្រុក កងកម្លាំងទាំងបីប្រភេទមេឃុំ ចៅសង្កាត់ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំ ណាលជាមួយប្រជាពលរដ្ឋចំនួន ៣៩០គ្រួសារ និងប្រកាសតំបន់វិនិច្ឆ័យ ក្នុងភូមិកំពឺត ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក និងឃុំប្រឡាយ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃ៤កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០២២។

លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក បានឡើងធ្វើរបាយការណ៍ពីបញ្ហាប្រឈម គឺដីអភិរក្សសត្វខ្សឹប និងដីសហគមន៍ព្រៃឈើ បានគ្របដណ្តប់ទៅលើ ភូមិកំពឺត វត្តតាគាំសួស្តីសិរីគន្ធា (ហៅវត្តកំពឺត) ព្រៃបច្ឆា (ព្រៃកប់ខ្មោច) ព្រៃអ្នកតា និងគ្របដណ្តប់លើដីស្រែប្រជាពលរដ្ឋភូមិកំពឺតទាំងស្រុង និងភូមិផ្សេងៗទៀតក្នុងឃុំសាមគ្គី ដែលជាហេតុធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាក ទាំងការប្រើប្រាស់អាស្រ័យផលលើដីកសិកម្ម និងដីលំនៅឋាន ។ ប្រជាពលរដ្ឋមានការភ័យខ្លាច ពីមន្ត្រីជំនាញពាក់ព័ន្ធ ដូចជាការ គម្រាមការចាប់ត្រាក់ទ័រភ្ជួររាស់ដីដាំដំណាំ ឧបករណ៍សម្រាប់កសិកម្ម ពិន័យជាប្រាក់ និងដកហូតឧបករណ៍ប្រើប្រាស់របស់ប្រជាកសិករជាដើម។ ដើម្បីស្នើសុំកាត់ឆ្វៀលជូនប្រជាពលរដ្ឋចំនួន ៣៩០គ្រួសារ មានផ្ទៃដី ២ ៦៣០ហិកតា បានប្រើប្រាស់អាស្រ័យផលដោយស្របច្បាប់។

នៅក្នុងកម្មវិធីនេះ ឯកឧត្តម ងួន រតនៈ មានប្រសាសន៍ថា ជាលទ្ធផលក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ ខិតខំដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ថ្ងៃនេះប្រជាពលរដ្ឋក្នុងឃុំសាមគ្គី ចំនួន ៣៩០គ្រួសារ ស្រុកប្រាសាទបល្ល័ង្ក និងប្រជាពលរដ្ឋឃុំប្រឡាយ ឃុំទ្រា ស្រុកស្ទោង ទទួលបានការឆ្លើយតបពីថ្នាក់ដឹកនាំ និងបានធ្វើពិធីប្រកាសតំបន់វិនិច្ឆ័យនាពេលនេះ។

ប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់ថ្នាក់ដឹកនាំដែលតែងតែយកចិត្តទុកដាក់ ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ។យើងខ្ញុំនឹងបន្តគាំទ្រគោលនយោបាយ និងការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជារៀងរហូត ។ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំទន្ទ្រានដីក្នុងតំបន់សត្វខ្សឹបបន្តទៀត ត្រូវចូលរួមថែរក្សាព្រៃសហគមន៍ឱ្យបានគង់វង្ស។ លើសពីនេះទៅទៀត សូមអញ្ជើញចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា និងរក្សា បីកុំ បីការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕ដោយ ស៊ុម វណ្ណា សម្រួលផ្សាយដោយ៖ dara